ប្រណាំងកង់៖ កីឡាករស្លូវេនី Primoz Roglic បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍ប្រណាំងកង់ Volta a Catalunya នៅប្រទេសអេស្ប៉ាញ បើទោះជាដំណាក់កាលចុងក្រោយអ្នកឈ្នះគឺ Remco Evenepoel ក៏ដោយ។

ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១៣៥.៨គីឡូម៉ែត្របញ្ចប់នៅទីក្រុង Barcelona កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ម៉ោង ៥៩នាទី ២៤វិនាទី តាមពីក្រោយដោយ Primoz Roglic ក្នុងថេរវេលាដូចគ្នា និងលេខ ៣ កីឡាករម្ចាស់ស្រុកអេស្ប៉ាញ Marc Soler។ យ៉ាងណាក្តី Primoz Roglic ដែលចាប់ផ្តើមដំណាក់កាលចុងក្រោយនាំមុខគេ នៅតែរក្សាការនាំមុខក្រោយដំណាក់កាលចុងក្រោយ ១០វិនាទីពីមុខ Remco Evenepoel គ្រប់គ្រាន់នឹងគ្រងជើងឯក Volta a Catalunya នេះ។
មិនទាន់បញ្ចប់ទេសម្រាប់ការប្រជែងគ្នារវាង Primoz Roglic និង Remco Evenepoel ដោយពួកគេទាំងពីរនឹងប្រឈមគ្នាទៀតនៅព្រឹត្តិការណ៍ Grand Tour ប្រចាំឆ្នាំ Giro d’Italia ដែលនឹងចាប់ផ្តើមនៅខែឧសភាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ