អាល្លឺម៉ង់៖ បណ្ដាញដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់កំពុងស្ថិតក្នុងភាពជាប់គាំងនៅថ្ងៃចន្ទនេះ ខណៈសហជីពធំបំផុតចំនួនពីររបស់ប្រទេសនេះធ្វើកូដកម្ម។ បុគ្គលិកនៅអាកាសយានដ្ឋាន កំពង់ផែ ផ្លូវរថភ្លើង រថយន្តក្រុង និងរថភ្លើងក្រោមដីបានចេញពីកន្លែងធ្វើការភ្លាមៗ ក្រោយពាក់កណ្តាលអធ្រាត្រដើម្បីឈប់សម្រាក ២៤ម៉ោង។

សហជីពកំពុងទាមទារប្រាក់ឈ្នួលខ្ពស់ដើម្បីជួយដល់សមាជិករបស់ពួកគេ ទប់ទល់ការកើនឡើងការចំណាយសម្រាប់ជីវភាពរស់នៅនៅទូទាំងប្រទេស។ មានកូដកម្មដើរចេញពីការងារជាក្រុមតូចៗជាច្រើនក្នុងវិស័យសេវាសាធារណៈផ្សេងទៀត ប៉ុន្តែនៅថ្ងៃចន្ទនេះនឹងជាកូដកម្មធំបំផុត ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅនៅក្នុងប្រទេសនេះ។ សហជីពទាំងពីរដែលចូលរួមក្នុងកូដកម្ម ស្ថិតក្នុងចំណោមសហជីពធំបំផុតក្នុងប្រទេសអាល្លឺម៉ង់។ សហជីព Verdi តំណាងឱ្យបុគ្គលិកប្រហែល ២.៥លាននាក់នៅទូទាំងវិស័យសាធារណៈ រួមមានវិស័យដឹកជញ្ជូនសាធារណៈ និងនៅអាកាសយានដ្ឋាន។ សហជីព EVG តំណាងឱ្យបុគ្គលិកប្រហែល ២៣០,០០០ នៅក្រុមហ៊ុនអយស្ម័យយាន Deutsche Bahn ជាប្រតិបត្តិករផ្លូវរថភ្លើងជាតិរបស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនរថយន្តក្រុងផ្សេងទៀត។ ពួកគេសង្ឃឹមថា វានឹងបង្កើនសម្ពាធលើនិយោជក មុនពេលការចរចាប្រាក់ឈ្នួលជុំមួយផ្សេងទៀតនៅថ្ងៃចន្ទនេះ។
លោក Frank Werneke ប្រធានសហជីព Verdi បានចាត់ទុកការដំឡើងប្រាក់ឈ្នួលថា ជាបញ្ហានៃការរស់រានមានជីវិតសម្រាប់បុគ្គលិកជាច្រើនពាន់នាក់។ នៅអាកាសយានដ្ឋានទីក្រុង Munich កាលពីថ្ងៃអាទិត្យ ជើងហោះហើរជាច្រើនត្រូវបានរំខានដោយការធ្វើកូដកម្មដើរចេញពីការងារ។ សមាគមអាកាសយានដ្ឋានប្រទេសអាល្លឺម៉ង់បាននិយាយថា អ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៣៨០,០០០នាក់ត្រូវរងផលប៉ះពាល់ដោយការធ្វើកូដកម្ម ប៉ុន្តែបាននិយាយថា វាលើសពីវិធានការដែលចង់បាន និងអាចទទួលយកបាន។ តំណាងនិយោជកមួយចំនួនបានព្រមានថា សហជីពកំពុងធ្វើការទាមទារមិនសមហេតុផល ដែលបង្កហានីភ័យបំផ្លាញដល់សាធារណជន។ ទោះជាយ៉ាងណា សហជីពមួយចំនួនបានទទួលជោគជ័យក្នុងការទទួលបានការដំឡើងប្រាក់ឈ្នួល រួមទាំងបុគ្គលិកប្រៃសណីយ៍ដែលទទួលបានការដំឡើងប្រាក់ឈ្នួល ១១.៥% កាលពីដើមខែមីនា៕
អត្ថបទ៖ ប៊ុនថន