នូវ៉ែលហ្សេឡង់៖ ក្រុមប្រមុខចារកម្មនូវ៉ែលហ្សេឡង់បាននិយាយនៅថ្ងៃចន្ទនេះថា បណ្តាទីភ្នាក់ងារចារកម្មរបស់ប្រទេសនេះកំពុងព្រួយបារម្ភកាន់តែខ្លាំង ទាំងការជ្រៀតជ្រែកពីបរទេស ទាំងសកម្មភាពតាមប្រព័ន្ធបច្ចេកវិទ្យានៅមុនការបោះឆ្នោតនៅខែតុលាខាងមុខ។

លោក Andrew Hampton អគ្គនាយកការិយាល័យសន្តិសុខទំនាក់ទំនងរដ្ឋាភិបាលនូវ៉ែលហ្សេឡង់ បានប្រាប់សារព័ត៌មានក្រោយការបំភ្លឺនៅសភាថា វាជារឿងត្រឹមត្រូវដែលនិយាយថា ក្ដីបារម្ភអំពីការជ្រៀតជ្រែកពីបរទេស ព្រមទាំងសកម្មភាពតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងកើនឡើង។ លោកថា នេះមិនមែនគ្រាន់តែជាទំនោរក្នុងប្រទេសប៉ុណ្ណោះទេ តែវាក៏ជាបញ្ហារបស់អន្តរជាតិផងដែរ។ ទីភ្នាក់ងារសន្តិសុខកំពុងធ្វើការជាមួយក្រុមអាជ្ញាធរបោះឆ្នោត ដើម្បីបង្កើនសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា និងនីតិវិធីនានា ហើយក៏នឹងរាយការណ៍ទៅបណ្ដាគណបក្សនយោបាយស្ដីពីសន្តិសុខ និងការគំរាមកំហែងការជ្រៀតជ្រែកពីបរទេសផងដែរ៕
អត្ថបទ៖ សុខមាន