លីទុយអានី៖ ប្រទេសលីទុយអានីបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនាថា ខ្លួននឹងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ និងទីក្រុង Minsk ជាការឆ្លើយតបទៅនឹងផែនការរបស់រុស្ស៊ី ក្នុងការដាក់មូលដ្ឋានអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុស។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសលីទុយអានីបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសម្ព័ន្ធយោធាណាតូបានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហារសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវរបស់លោក។ អ្នកនាំពាក្យក្រសួងបាននិយាយថា ប្រទេសលីទុយអានីនឹងស្នើសុំការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងបេឡារុសដែលត្រូវដាក់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្ម ដែលកំពុងត្រូវបានពិភាក្សានៅក្នុងទីក្រុងប្រ៊ុចសែល។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រួមគ្នាជាមួយដៃគូអាត្លង់ទិក-អឺរ៉ុប (Euro-Atlantic) របស់ខ្លួន ប្រទេសលីទុយអានីនឹងសម្រេចពីប្រតិកម្ម ចំពោះផែនការយោធានិយមទាំងនេះរបស់របបរុស្ស៊ី និងបេឡារុស។
ក្រសួងនិយាយថា បេឡារុសដែលកំពុងតែកើនឡើងនៃការបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួន បានគាំទ្រ និងជួយដល់ការឈ្លានពានរបស់រុស្ស៊ី ហើយបានធ្វើសមាហរណកម្មយ៉ាងច្រើនទៅក្នុងផែនការយោធារបស់រុស្ស៊ី ដែលជាកត្តាហានិភ័យបន្ថែមសម្រាប់តំបន់បាល់ទិក។ លោក Putin កាលពីថ្ងៃសៅរ៍បានប្រដូចផែនការរបស់លោក ទៅនឹងការដាក់មូលដ្ឋានអាវុធរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ខណៈទទូចថា រុស្ស៊ីនឹងមិនបំពានលើកិច្ចសន្យាមិនរីកសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ៕
អត្ថបទ៖ ប៊ុនថន