ភ្នំពេញ៖ នៅវេលាម៉ោងជាង១២ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ៕









