ភ្នំពេញ៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសបារំាង ដែលជាប្រទេសទី១ នៅអឺរ៉ុបដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានដំណើរការ យ៉ាងសកម្មជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២២។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារាំងថ្មី ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំងដោយព្រះអង្គបានធ្វើយុទ្ធនាការការទូតដោយសន្ដិវិធីដែលអត់មានការបង្ហូរឈាមដូចនៅប្រទេសជិតខាងកម្ពុជាទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់អំពីការរួម ចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង ទៅលើវិស័យអាទិភាពចម្បងសំខាន់ៗដូចជា ទី១ ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ ២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ទី៣ ការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសបារាំងទិញកសិផលកម្ពុជា ឱ្យបានច្រើនថែមទៀត ព្រមទាំងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។
តារមយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជូនអ្នកអង្កេតការបារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដា ខាងមុខនេះ ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានឆ្លើយថា នឹងមានក្រុមអ្នកអង្កេតការអឺរ៉ុបដែលអាចមកមុន៣ខែ ដើម្បីសង្កេតមើល។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសួរជំហរកម្ពុជាអំពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឆ្លើយថា កម្ពុជាមានគោលការណ៍គ្រឹះ គឺប្រឆាំងការអន្ដរគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ ដូច្នេះបានជាកម្ពុជាមិនអាចគាំទ្ររុស្ស៊ីបាន តែបានបញ្ជូនក្រុមដោះមីនទៅជួយអ៊ុយក្រែន៕អត្ថបទ៖ វ៉ន ដារ៉ា

