ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យអាជ្ញាធរចាប់ឃាត់ខ្លួនភ្លាមៗចំពោះជនទាំងឡាយណា ដែលតាំងខ្លួនជាជំនួយការ និងយកឈ្មោះឯកឧត្តម ទៅបោកប្រាស់គេ និងគំរាមកំហែងគេ ខណៈករណីបែបនេះបានកើតឡើងយូរមកហើយពីសំណាក់ជនខិលខូច និងជនឱកាសនិយមទាំងនោះ។
តាមរយៈវិដេអូឃ្លីប នាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ ក្នុងនោះរួមទាំងឯកឧត្តមផងដែរ ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ ឯកឧត្តមបានកំពុងខិតខំយ៉ាងសកម្មក្នុងកិច្ចការសង្គម និងប្រទេសជាតិរហូតដល់មិនមានពេលវេលាគ្រប់គ្រាន់នឹងជួបប្រពន្ធកូនផង តែបែរជាមានជនខិលខូចទាំងនោះយកឈ្មោះឯកឧត្តមទៅធ្វើនេះធ្វើនោះដោយខុសច្បាប់ទៅវិញ។
ឯកឧត្តម បានបញ្ជាក់ថា «ខំសន្សំបុណ្យបានបន្តិចៗ ស្រាប់តែគេយកមកធ្វើកំពប់ចោលទាំងអស់!៕
អត្ថបទ៖ បាន ចក់