ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់រួមទាំងការពិចារណាបង្កើតឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាលនៃប្រទេសទាំង២។
នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានជាតិអន្តរជាតិនៅក្នុងសន្និសីទរួមគ្នារវាងសម្តេច និងឯកឧត្ដម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាត្រូវបានបញ្ចប់នៅវិមានសន្តិភាព ខណៈឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចជាផ្លូវការរយៈ១ថ្ងៃនៅកម្ពុជា។
ក្នុងជំនួបនៅវិមានសន្តិភា នាព្រឹកថ្ងៃទី ២៧ ខែមីនា នេះ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការពិភាក្សាលើកិច្ចការជាច្រើន ក្នុងនោះបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការប្រឆាំង នឹងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់រួមទាំងការពិចារណាបង្កើតឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាលនៃប្រទេសទាំង២ផងដែរ។
ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសំដែងនូវការរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ហើយឯកឧត្ដម ក៏បានលើកឡើងថា ការពិភាក្សាក្នុងរយៈពេលដ៏វែងឯកឧត្ដម និងសម្តេចតេជោ បានលើកឡើងយ៉ាងទូលំទូលាយពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕






