គុយបា៖ ប្រទេសគុយបាបានចាប់ផ្តើមបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីជ្រើសរើសសមាជិកសភាចំនួន ៤៧០រូប ដែលនឹងតំណាងឱ្យពួកគេនៅក្នុងរដ្ឋសភារបស់ប្រទេសនេះ ក្នុងការបោះឆ្នោតដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដែលត្រូវបានចាត់ទុកថាជាការបោះឆ្នោតប្រជាមតិលើរដ្ឋាភិបាល ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តនៅពេលមានវិបត្តិសេដ្ឋកិច្ចខ្លាំង។

មណ្ឌលបោះឆ្នោតក្នុងរដ្ឋធានីឡាហាវ៉ាន បានបើកនៅម៉ោង ៧ព្រឹក និងមានភាពប្រញាប់ប្រញាល់ ខណៈប្រជាពលរដ្ឋបានមកដល់ដើម្បីបោះឆ្នោត នៅទីតាំងបែងចែកនៃមណ្ឌលបោះឆ្នោតផ្លូវការក្នុងទីក្រុងជាង ២៣,០០០កន្លែងនៅទូទាំងប្រទេស។ រដ្ឋាភិបាលរបស់ប្រទេសគុយបាដែលប្រឈមការខ្វះខាតអតិផរណា និងការកើនឡើងភាពវឹកវរសង្គម បានជំរុញឱ្យមានសាមគ្គីភាពនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតទាំងអស់គ្នាក្នុងការបង្ហាញយ៉ាងទូលំទូលាយ ចំពោះការគាំទ្រដល់ការដឹកនាំបែបកុម្មុយនិស្ត។ បេក្ខជនចំនួន ៤៧០នាក់នៅលើសន្លឹកឆ្នោតកាលពីថ្ងៃអាទិត្យកំពុងប្រជែងគ្នា ដើម្បីទទួលបានអាសនៈដោយចំហចំនួន ៤៧០។ ប៉ុន្តែគ្មានបេក្ខជនបក្សប្រឆាំងនោះទេ។
អត្រាខ្ពស់នៃអនុប្បវាទនឹងពុំមានផលប៉ះពាល់ភ្លាមៗ ទៅលើលទ្ធផលនៃការបោះឆ្នោតឡើយ ខណៈអ្នកទទួលជ័យជំនះនៃការប្រកួតប្រជែង ត្រូវតែទទួលបានសំឡេងច្រើនជាងពាក់កណ្តាលនៃសន្លឹកឆ្នោត របស់អ្នកដែលជ្រើសរើសក្នុងការបោះឆ្នោត។ ប៉ុន្តែអ្នកវិភាគនយោបាយនិយាយថា អត្រាទាបនៃការចូលរួមក្នុងការបោះឆ្នោត នឹងជាសញ្ញានៃការមិនសប្បាយចិត្តកាន់តែខ្លាំងជាមួយគណបក្សតែមួយ ឬឯកបក្សរបស់គុយបា និងប្រព័ន្ធគ្រប់គ្រងដោយបក្សកុម្មុយនិស្ត។ អនុប្បវាទមានការកើនឡើងក្នុងប្រទេសគុយបាជុំវិញការបោះឆ្នោតជាច្រើនលើក៕
អត្ថបទ៖ ប៊ុនថន