ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មានមនុស្ស ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ៩៣នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៥៥ឆ្នាំដែលរស់នៅឯក្រុងព្រះសីហនុ បានស្លាប់នៅរសៀលថ្ងៃនេះ ១៣ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃទី១៧ ខែមេសា។
ក្រសួងបញ្ជាក់ថា ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិតដោយសាររលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា បុរសជនជាតិចិនម្នាក់អាយុ ៤១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃពុធកន្លងមកនេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិចិនរូបនោះដែលរស់នៅក្នុងសណ្ឋាគារមួយក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៧ ខែមេសា ក្រោយពីរកឃើញឆ្លងមេរោគកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល បុរសជនជាតិចិនរូបនេះ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី២៨ ខែមេសា បន្ទាប់ពីរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ដែលប្រកាសជាផ្លូវការដោយក្រសួងសុខាភិបាល បានកើនឡើងដល់ ៩៣នាក់ហើយនៅក្នុង ៤៩ថ្ងៃចុងក្រោយចាប់តាំងពីករណីស្លាប់លើកដំបូងត្រូវបានប្រកាសកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕