ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ប្រើប្រាស់ផ្លូវការ ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិច Japan E-VISA System ដើម្បីបង្កើនភាពងាយស្រួលការធ្វើទិដ្ឋាការស្នាក់នៅ និងធ្វើដំណើរកម្សាន្តដល់ភ្ញៀវទេសចរកម្ពុជា ទៅប្រទេសជប៉ុន ក៏ដូចជាការជំរុញទេសចរជប៉ុនមកទស្សនាកម្ពុជាវិញផងដែរ។
ប្រធានសមាគមអ្នកដំណើរទេសចរណ៍អាស៊ីប៉ាស៊ីភិចប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែមីនានេះថា ប្រទេសកម្ពុជាបានបើកធ្វើទិដ្ឋាការតាមប្រព័ន្ធអនឡាញ E-VISA នេះដល់បណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលចង់មកទស្សនាកម្ពុជា។ ដោយឡែក បច្ចុប្បន្នមិនទាន់មានប្រទេសច្រើនទេដែលបានផ្តល់ E-VISA ដល់ទេសចរកម្ពុជា។
លោកថ្លែងថា នៅក្រោយបរិបទកូវីដ-១៩ បណ្តាប្រទេសជាច្រើន បានផ្តើមអនុវត្តគោលនយោបាយ E-VISA ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ ហើយការដាក់ដំណើការ E-VISA របស់រដ្ឋាភិបាលជប៉ុនដល់ទេសចរកម្ពុជានឹងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងដែរថា នេះជាលើកដំបូងដែលរដ្ឋាភិបាលជប៉ុន បានដាក់ដំណើការ E-VISA ដល់ទេសចរកម្ពុជា គឺបានផ្ដល់ភាពងាយស្រួលថែមទៀតដល់ទេសចរកម្ពុជា ក្នុងការស្នើសុំទិដ្ឋាការទៅទស្សនានៅប្រទេសជប៉ុន។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា ចាប់ពីថ្ងៃនេះតទៅទេសចរកម្ពុជាអាចសុំទិដ្ឋាការទៅប្រទេសជប៉ុន តាមប្រព័ន្ធអនឡាញ មានសុពលភាព៩០ថ្ងៃ។ ដោយឡែកទេសចរជប៉ុន និងទេសចរប្រទេសផ្សេងទៀត ក៏អាចសុំទិដ្ឋាការមកកម្ពុជាតាមប្រព័ន្ធអនឡាញនេះបានដូចគ្នាដែរ៕ អត្ថបទ ស៊ុម សុខជា