ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេសទាំងពីរជាពិសេសរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីជីនពីងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ“កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងតែអនុវត្ត “ផែនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន” គម្រោងជំនួយឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង ការផ្តល់គ្លីនិកចល័តចំនួន៤០គ្រឿង និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដូចជា៖ បញ្ជូនអ្នកជំនាញការមកពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់មន្ត្រីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់បម្រើឱ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានារបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖
១/-ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សម្រាប់បំពាក់ ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ,
២/-ម៉ាស៊ីនសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ និងកញ្ចប់តេស្តរកវីរុសកូវីដ-១៩,
៣/-ម៉ាស៊ីនជំនួយដកដង្ហើម,
៤/-សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល
៥/-ម៉ាស់ N95,
៦/-ម៉ាស់វះកាត់
៧/-សម្ភារៈ បរិក្ខារផ្សេងៗមួយចំនួនទៀត ផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលា ដែលមានចំនួនសរុបជាង ២៨លានដូស កិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្របុរាណចិន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ថ្ងៃនេះ ជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅ នឹងតម្រូវការសេវាថែទាំសុខភាព កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចែកជូនទៅមន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយ មិនបានទទួលសវាសុខភាពនោះទេ។
ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានរំលេចថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិនរីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នា ស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន បន្តនិងផ្សព្វផ្សាយចំណងមិត្តភាព ប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការទាំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជា៖ ការបង្ការនិងព្យាបាលជំងឺឆ្លង ឱសថបុរាណ និងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគី ចិន-អាស៊ាន ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួមចិន-កម្ពុជា ឱ្យទទួលបាន លទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចិន -កម្ពុជា។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និងបានប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំជាអមតៈ៕ អត្ថបទ ៖ រដ្ឋា













