ភ្នំពេញ៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri Anwar bin Ibrahim ) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ដ៏ល្អ ក្នុងការបើកទូលាយលើជំនឿសាសនា ប្រកបដោយភាពសុខដុម នេះជាការឡើងរបស់ឯកឧត្តម ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឡុងឯកឧត្តម ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ។
ឯកឧត្តម អាន់វ៉ា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូម៉ាឡេស៊ី នៅកម្ពុជានាពេលនេះ ដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ សម្តេច សាយ ឈុំ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពខាងជំនឿសាសនា ខណៈបច្ចុប្បន្ននេះ ឥស្លាមសាសនា ជាសាសនាធំទី២ នៅកម្ពុជា ដោយមានសាសនិកឥស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា ហើយនៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម ។
ជាមួយនេះ សម្ដេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំង ចំពោះការរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ មានដូចជា នយោបាយ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ រ៉ែនិងថាមពល អប់រំ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ រវាងឥស្សរជនគ្រប់លំដាប់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ។
សម្តេច បានបង្ហាញនូវសេចក្តីរីករាយចំពោះទំហំវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនល្អប្រសើរជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាព ក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល ។ ព្រឹទ្ធសភាបច្ចុប្បន្ន ក៏ដូចទៅអនាគតបន្តគាំទ្ររាល់គម្រោងសហប្រតិបត្តិការ និងយន្តការទ្វេភាគីនានា ដែលបានធ្វើឡើងរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ សម្រាប់តំបន់ និងអន្តរជាតិ ។
សម្តេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី ព្រឹទ្ធសភាកម្ពុជា មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងការជំរុញការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា ហើយសម្តេចបានគោរពអញ្ជើញប្រធានព្រឹទ្ធសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ៕ អត្ថបទ ៖ បាន សុខរិទ្ធ





