អាមេរិក៖ នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធកងនាវាចរណ៍រួមជាមួយប្រទេសកូរេខាងត្បូងនៅក្នុងដែនទឹកអន្ដរជាតិ ជិតកោះចេយូភាគខាងត្បូងកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនមក។

ក្រសួងការពារជាតិក្នុងក្រុងសេអ៊ូលបាននិយាយថា នាវាផ្ទុកយន្ដហោះនេះគ្រោងនឹងទៅដល់មូលដ្ឋានទាហានជើងទឹកកូរ៉េខាងត្បូងក្នុងក្រុងប៊ូសាននៅថ្ងៃអង្គារ ទី២៨មិនា នៅក្នុងការឈប់សំចតលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរេខាងត្បូងក្នុងរយៈពេលជិត ៦ឆ្នាំមិនធ្លាប់មាន ដែលជាផ្នែកមួយដើម្បីរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាពប្រទេសទាំងពីរ។ កាលពីខែកញ្ញាឆ្នាំកន្លងទៅ នាវាផ្ទុកយន្ដហោះ USS Ronald Reagan ក៏មកទស្សនកិច្ចសំចតកំពង់ផែនេះផងដែរ។ ឧត្ដមនាវីឯក គ្រីស្ដូហ្វើរ ស្វីននី មេបញ្ជាការក្រុមប្រយុទ្ធមិនបានបញ្ជាក់ពីមធ្យោបាយត្រូវរាវរកគោលដៅ និងឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្ដែបាននិយាយថា ខ្លួនត្រូវបានគេផ្ដល់ពត៌មានបានច្បាស់អំពីសកម្មភាពនានាជាមួយនាវាដែលបំពេញតួនាទីជាទីបញ្ជាការ និងជាការគ្រប់គ្រងដែលប្រមូលព័ត៌មានទូទាំងតំបន់គ្រប់គ្រងចាប់ពីអវកាសរហូតដល់បាតសមុទ្រ។
មន្រ្ដីទាហានជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងបំណងធ្វើឲ្យប្រសើរឡើង នូវការអនុវត្តន៍សន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសកម្លាំងនុយក្លេអ៊ែរ ដើម្បីរារាំងការវាយប្រហាណាមួយមកលើសម្ព័នមិត្ដរបស់ខ្លួន ដោយពង្រាយគ្រឿងយុទ្ធោករណ៍យុទ្ធសាស្រ្ដរបស់អាមេរិក ស្របពេលការគំរាមកំហែងកើនឡើងពីកូរ៉េខាងជើង៕