ថៃ៖ គុណភាពខ្សល់អាកាសនៅភាគខាងជើងប្រទេសថៃ បានឡើងក្នុងកម្រិតមួយដ៏គ្រោះថ្នាក់នៅថ្ងៃអង្គារនេះ ដោយសារតែការដុតព្រៃក្នុងរដូវកសិកម្មនៅទូទាំងប្រទេស និងក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំណុចប្រឈមចំនួន ៤,១១៥កន្លែងត្រូវបានគេរកឃើញនៅភាគខាងជើងប្រទេសថៃក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

ផ្នែកមួយចំនួនក្នុងក្រុងបាំងកកកាលពីថ្ងៃចន្ទ បានបង្ហាញផលប៉ះពាល់នៅលើនិទស្សន៍គុណភាពខ្យល់ (AQ) ដោយមានអំណាន ៥៨២ ដែលធ្វើឲ្យវាក្លាយជាកំណើនខ្ពស់ជិត ១២៥ដងលើសចំនួនកំណត់ដែលបានការណែនាំដោយអង្គការសុខភាពពិភពលោក (WHO)។ នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធចាន់ អូចា បានកៀរគរក្រុមទីភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសនេះ ដើម្បីជួយរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់ទៅលើសាធារណជននៅក្នុងប្រទេសនេះ ដោយជំរុញការអនុវត្ដន៍ច្បាប់ ដើម្បីដាក់ទោសទណ្ឌទៅលើអ្នកដុតព្រៃដែលបង្កឲ្យមានចំហេះនេះកើតឡើង៕