អាមេរិក៖ ស្នងការនគរបាលក្រុងណាស្វីល (Nashville) រដ្ឋធិនណេស៊ី (Tennessee) សហរដ្ឋអាមេរិកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយអាវុធធុនធ្ងន់ បានចូលទៅក្នុងសាលារៀនគ្រឹស្តសាសនាមួយកន្លែងកាលពីព្រឹកថ្ងៃចន្ទ និងបានបាញ់សម្លាប់កុមារអាយុ ៩ឆ្នាំចំនួន ៣នាក់ និងបុគ្គលិក ៣នាក់ មុនពេលត្រូវបាននគរបាលបាញ់សម្លាប់។
ស្នងការនគរបាលក្រុងណាស្វីសលោក John Drake បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា ខ្មាន់កាំភ្លើងដែលជាស្ត្រីវ័យ ២៨ឆ្នាំ និងរស់នៅក្នុងតំបន់ណាស្វីសធ្លាប់ជាសិស្សនៅសាលានេះ ទោះបីជាគេពុំដឹងច្បាស់ថានៅពេលណាក៏ដោយ។ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់កុមារ ៣នាក់ និងបុគ្គលិក ៣នាក់នៅសាលាណាស្វីលកាលពីថ្ងៃចន្ទ ត្រូវបានកំណត់អត្តសញ្ញាណថាជាអតីតសិស្សនៅសាលានេះ ដែលនគរបាលបាននិយាយថា ទំនងជាបានសរសេរប្រកាសអំពីការវាយប្រហារ និងគូសផែនទីនៃបរិវេណសាលានេះដែរ។
ខ្មាន់កាំភ្លើងដែលត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Audrey E. Hale ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនគរបាល ដែលបានឆ្លើយតបទៅនឹងការបាញ់ប្រហារនៅសាលារៀនខូវិនណិន (Covenant School) ជាសាលាគ្រឹស្តសាសនាឯកជនតូចមួយដែលនៅជាប់នឹងព្រះវិហារ និងទទួលកុមារចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី៦៕
អត្ថបទ៖ សុខមាន