បាល់ទាត់៖ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៣ លើកទី១៧ ដំណើរការប្រកួតពានថ្នាក់ខេត្តពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ តទៅហើយ ខណៈក្រុមទាំង២០ បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួតនេះ។
ក្នុងសិក្ខាសាលាជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លេខាប្រតិបត្តិគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ឈី កុលបុត្រា បានប្រាប់ឱ្យដឹងថា ការប្រកួតឆ្នាំនេះប្លែកជាងឆ្នាំកន្លងទៅ ដោយក្លិបអាចចុះឈ្មោះកីឡាករបរទេសសម្រាប់វគ្គជម្រុះថ្នាក់ជាតិ ប្រាក់រង្វាន់ត្រូវបានបង្កើនទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ និងការផ្សាយផ្ទាល់គ្រប់ប្រកួត។ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពានថ្នាក់ខេត្តរដូវកាល ២០២៣ នេះមាន ២០ក្រុមចូលរួមប្រកួត ដំណើរការពីថ្ងៃទី២៨ ខែមីនាដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយវគ្គជម្រុះថ្នាក់ជាតិនឹងដំណើរការប្រកួតនៅឆ្នាំ២០២៤៕