អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទបានពន្យារពេលសេចក្តីសម្រេចលើផែនការ ដែលមានការប្រឆាំងដ៏ខ្លាំងក្លាសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការ ក្នុងពេលមានការព្រួយបារម្ភថា វិបត្តិជាតិដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេលច្រើនឆ្នាំ អាចបំបែកសម្ព័ន្ធភាពរបស់លោក ឬធ្វើឲ្យអំពើហិង្សាកាន់តែរីកធំឡើង។

គេនៅមិនច្បាស់នោះទេថា តើការពន្យារពេលនៃសេចក្តីស្នើច្បាប់យូរប៉ុនណា ទម្រាំដល់សម័យប្រជុំសភាថ្មីនៅខែក្រោយ បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំ និងកូដកម្មការងារដែលកំពុងកើនឡើងនឹងតម្រូវចិត្តភាគីណាមួយ ឬធ្វើឱ្យវិបត្តិនេះកាន់តែធូរស្រាល ដែលមេបញ្ជាការកងទ័ពនិយាយកាលពីថ្ងៃចន្ទថា បានធ្វើឱ្យពេលវេលានេះខុសពីពេលមុនៗ។ ដៃគូចម្រុះស្តាំនិយមរបស់លោក Netanyahu គឺរដ្ឋមន្ត្រីសន្តិសុខលោក Itamar Ben-Gvir បាននិយាយថា លោកបានព្រមព្រៀងចំពោះការពន្យារពេលនេះ ជាថ្នូរនឹងកិច្ចព្រមព្រៀងដែលលោកអាចបង្កើតឆ្មាំជាតិ នៅក្រោមឱវាទក្រសួងរបស់លោក។ ផែនការរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់សភា លើដំណើរការតុលាការបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំបំផុតមួយចំនួន នៅក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល ដោយក្រុមប្រឆាំងបានចាត់ទុកទង្វើនេះថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
ការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការលុបចោលច្បាប់នេះក៏បានធ្វើឡើង បន្ទាប់ពីមានការប្រឆាំងពីសហជីព Histadrut បានផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Ben Gurion រួមជាមួយកំពង់ផែសមុទ្រ ធនាគារ មន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រក៏បានកំណត់ការផ្អាកការងារផងដែរ។ សហជីពបាននិយាយថា ខ្លួនបានលុបចោលការធ្វើកូដកម្មបន្ទាប់ពីលោក Netanyahu បានប្រកាសពីការពន្យារពេលនេះ។ វិបត្តិដែលស្ថិតក្នុងចំណោមវិបត្តិនយោបាយក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែល បានកើតឡើងក្នុងពេលមានការកើនឡើងអំពើហិង្សានៅតំបន់ West Bank ជាកន្លែងខ្មាន់កាំភ្លើង និងជនស៊ីវិលប៉ាឡេស្ទីនជាង ២៥០នាក់ និងជនជាតិអ៊ីស្រាអែលជាង ៤០នាក់បានស្លាប់កាលពីឆ្នាំកន្លងទៅ៕
អត្ថបទ៖ ប៊ុនថន