អេក្វាឌ័រ៖ ទីភ្នាក់ងារហានិភ័យរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទថា បំណាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសអេក្វាឌ័នៃតំបន់ភ្នំអង់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងមនុស្ស ២៣នាក់បានរងរបួស និងជិត ៥០នាក់កំពុងបាត់ខ្លួន។

នៅមុននេះទីភ្នាក់ងារបានរាយការណ៍ថា មនុស្ស ១៦នាក់បានស្លាប់ដោយបំណាក់ដីនៅក្រុង Alausi ខេត្ត Chimborazo ប្រទេសអេក្វាឌ័រ។ ទីភ្នាក់ងារមិនបានពន្យល់ពីហេតុផលសម្រាប់ការកែប្រែនេះទេ ប៉ុន្តែបានប្រាប់ថា មនុស្ស ៣២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីចំនួនដ៏ច្រើននៃបំណាក់ដីនៅក្រុង Alausi កាលពីយប់ថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍នៅលើបណ្តាញ Twitter បានបង្កើនចំនួនអ្នកបាត់ខ្លួនរហូតដល់ ៤៦នាក់ពីចំនួន ៧នាក់នៅក្នុងរបាយការណ៍មុនរបស់ទីភ្នាក់ងារ និងបាននិយាយថាជាសរុបមនុស្ស ៥០០នាក់ និងលំនៅឋាន ១៦៣ខ្នងបានរងផលប៉ះពាល់។ ពលរដ្ឋក្នុងតំបន់ និងសាច់ញាតិរបស់អ្នកដែលបានបាត់ខ្លួន ក្នុងអំឡុងពេលបំណាក់ដីលោក Luis Angel Gonzalez បានទប់ទឹកភ្នែកមិនជាប់ ខណៈនិយាយថា លោកបានបាត់បង់អ្វីគ្រប់យ៉ាងដែលលោកមាន។ លោកនិយាយថា យើងកំពុងរងទុក្ខលំបាក យើងរងរបួស យើងពុំមានអ្វីផ្សេងទៀតត្រូវធ្វើនោះទេ។ បុគ្គលិកជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់នៅក្នុងគំនរបាក់បែក ដែលមានជំនួយពីសត្វសុនខ។ នៅក្នុងតំបន់មួយចំនួន លំនៅឋានភាគច្រើនត្រូវបានកប់ក្រោមដីទាំងស្រុង។ យោងតាមអភិបាលក្រុង Alausi លោក Rodrigo Rea បាននិយាយថា ប្រជាជនភាគច្រើនដែលរងផលប៉ះពាល់គឺជាអ្នកដែលស្នាក់នៅពេលយប់ ទោះបីជាមានការប្រឹងប្រែងពីពេលមុនក្នុងការជម្លៀសពួកគេក៏ដោយ។ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេសអេក្វាឌ័រ។ ប្រធានាធិបតីលោក Guillermo Lasso កាលពីដើមខែនេះបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅក្នុងខេត្តចំនួន១៤ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយអាកាសធាតុមិនអំណោយផលធ្ងន់ធ្ងរ និងការរញ្ជួយដីដ៏ខ្លាំង៕
អត្ថបទ៖ ប៊ុនថន