វាយកូនបាល់៖ កីឡាករវាយកូនបាល់ក្រិក Stefanos Tsitsipas បានបន្តដំណើរឡើងវគ្គ ១៦នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍ Miami Open នៅសហរដ្ឋអាមេរិក ក្រោយយកឈ្នះកីឡាករស៊ីលី Cristian Garin ៦-៣ ៤-៦ និង ៦-៤។
ការប្រកួតដែលចំណាយពេលដល់ ២ម៉ោង Stefanos Tsitsipas ដែលនៅមានបញ្ហារបួសស្មារបស់ខ្លួននៅឡើយ ត្រូវបាន Cristian Garin តាមស្មើនៅសិតទីពីរ មុនពេលការវាយសេវាបានល្អនៅសិតចុងក្រោយយកឈ្នះវិញ ៦-៤។ ជុំបន្តគូប្រកួតរបស់ Stefanos Tsitsipas គឺកីឡាករលំដាប់លេខ ១៤ រុស្ស៊ី Karan Khachanov ដែលបានយកឈ្នះកីឡាករឆែក Jiri Lehecka។ ចំណែកឯកីឡាករលំដាប់លេខ ១ ពិភពលោក Carlos Alcaraz ក៏បានបន្តដំណើរទៅវគ្គ ១៦នាក់ដែរក្នុងនាមជាអ្នកការពារតំណែងជើងឯកដោយបានយកឈ្នះកីឡាករស៊ែប Dusan Lajovic ៦-០ និង ៧-៦(៧-៥) ដើម្បីបន្តជួបកីឡាករម្ចាស់ផ្ទះអាមេរិក Tommy Paul។
ងាកមកការប្រកួតផ្នែកនារីវិញ ជើងឯក Wimbledon, Elena Rybakina បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ បន្ទាប់ពីយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក Elise Mertens ៦-៤ និង ៦-៣។ ជ័យជំនះ ១១ប្រកួតជាប់គ្នានេះធ្វើឱ្យ Elena Rybakina បន្តជួបជាមួយកីឡាការិនីអ៊ីតាលី Martina Trevisan៕
អត្ថបទ៖នាង សុភាវុធ