ចិន៖ អតីតមេដឹកនាំកោះតៃវ៉ាន់លោក Ma Ying-jeou បានទៅដល់ទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃចន្ទ ដោយបានក្លាយជាមេដឹកនាំអតីត ឬបច្ចុប្បន្នដំបូងគេមកពីកោះស្វ័យគ្រប់គ្រងមួយនេះ ដែលបានធ្វើទស្សនកិច្ចនៅដីគោកចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈទំនាក់ទំនងរវាងភាគីទាំង២ បានធ្លាក់ចុះដល់កម្រិតយ៉ាប់យ៉ឺនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រោមការដឹកនាំរបស់មេដឹកនាំកោះតៃវ៉ាន់បច្ចុប្បន្នលោកស្រី Tsai Ing-wen ដែលមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងរយៈពេល ៨ឆ្នាំ ដែលលោក Ma កាន់តំណែងជាមេដឹកនាំ ដែលនៅពេលនោះលោកបាននាំមកនូវភាពល្អប្រសើរមិនធ្លាប់មាន ក្នុងទំនាក់ទំនងរវាងភាគីគូបដិបក្សទាំង២ ដ៏យូរអង្វែងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៦។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចាកចេញពីកោះតៃវ៉ាន់ លោក Ma អាយុ ៧៣ឆ្នាំដែលកំពុងធ្វើដំណើរជាមួយបងប្អូនស្រី ៤នាក់របស់លោក និងនិស្សិតប្រមាណ ៣០នាក់មកពីមូលនិធិ Ma Ying-jeou របស់លោកបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺមិនត្រឹមតែដើម្បីគោរព នៅផ្នូរបុព្វបុរសរបស់លោកនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកសាងសន្តិភាព។
ក្រៅពីទៅគោរពដូនតារបស់លោក លោកក៏នឹងនាំនិស្សិតសាកលវិទ្យាល័យតៃវ៉ាន់ទៅកាន់ដីគោក ដើម្បីផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដោយសង្ឃឹមថានឹងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសឆ្លងកាត់ច្រកសមុទ្រនាពេលបច្ចុប្បន្ន តាមរយៈការសាទរ និងកិច្ចសហប្រតិបត្តិការរបស់យុវជន ដូច្នេះសន្តិភាពអាចកើតមានឡើងកាន់តែឆាប់រហ័សចំពោះពួកយើងនៅទីនេះ។ នៅក្នុងសញ្ញាមួយដែលទីក្រុងប៉េកាំងមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក Ma មានសារៈសំខាន់ ទោះបីជាលោកលែងកាន់តំណែងណាមួយនៅក្នុងរដ្ឋាភិបាល ឬនៅក្នុងគណបក្ស Kuomintang របស់លោកក៏ដោយ ដែលមន្ត្រីជាន់ខ្ពស់ចិនបានស្វាគមន៍លោកនៅអាកាសយានដ្ឋាន។ លោក Ma និងគណៈប្រតិភូរបស់លោកគ្រោងនឹងជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យចិន ហើយអាចនឹងជួបជាមួយមន្ត្រីចិនក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងជាច្រើន៕
អត្ថបទ៖ ប៊ុនថន