បាល់ទាត់៖ ស្ថាប័នបាល់ទាត់កំពូលរបស់ពិភពលោក FIFA បានប្រកាសពីការដំឡើងការបង់ប្រាក់ជូនសាមីក្លិប ដែលបានបញ្ជូនកីឡាកររបស់ពួកគេមកចូលរួមបាល់ទាត់ពិភពលោក ២ព្រឹត្តិការណ៍បន្ទាប់កើនឡើងដល់ជិត ៣រយលានផោន។
សម្រាប់ World Cup 2022 នៅកាតាកន្លងមក ក្លិបដែលបានបញ្ជូនកីឡាកររបស់ពួកគេសម្រាប់ក្រុមជម្រើសជាតិបង្ហាញខ្លួននៅ World Cup នោះទទួលបានជារួម ១៧០.៥៨លានផោន រឺ ២០៩លានដុល្លារអាមេរិក។ ការផ្លាស់ប្តូរនេះគឺបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាង FIFA និងសមាគមក្លិបបាល់ទាត់អឺរ៉ុបដល់ឆ្នាំ ២០៣០។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកបុរសបន្ទាប់គឺនៅឆ្នាំ២០២៦ ដែលរៀបចំនៅលើទឹកដីសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ប្រធាន FIFA លោក Gianni Infantino និងប្រធានសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin បានជួបគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាថ្មីនេះ នៅក្នុងមហាសន្និបាទរបស់សមាគមក្លិបបាល់ទាត់អឺរ៉ុបនៅទីក្រុង Budapest ប្រទេសហុងគ្រី។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបន្ទាប់ចាប់ពីឆ្នាំ២០២៦ តទៅនឹងមានក្រុមចូលរួមសរុប ៤៨ក្រុមដែលនឹងចាប់ផ្តើមអំឡុងខែមិថុនា និងកក្កដា ខណៈ World Cup ២០៣០ ស្ថិតក្នុងដំណាក់កាលដេញថ្លៃរកម្ចាស់ផ្ទះមិនទាន់បាននៅឡើយ៕
អត្ថបទ៖នាង សុភាវុធ