អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករកាលពីថ្ងៃចន្ទ ទី២៧មីនា ខណៈពួកគេមិនព្រមចាកចេញពីតំបន់មួយជិតផ្លូវហាយវ៉េដ៏សំខាន់ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានផ្អាកគម្រោងចុះហត្ថលេខារបស់លោក ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់អ៊ីស្រាអែល មួយថ្ងៃក្រោយភាពរំជើបរំជួលទូទាំងប្រទេស នៅពេលកម្មករបានចូលរួមកូដកម្មទូទាំងប្រទេសប្រឆាំងសំណើនេះ និងក្រុមអ្នកបាតុកររាប់ម៉ឺននាក់ដែលបានចេញតវ៉ាតាមដងផ្លូវនានា។ ផែនការបង្កើតឡើងដោយក្រុមចម្រុះសាសនាជាតិនិយមរបស់លោក ក្នុងការប្រគល់ការគ្រប់គ្រងលើការតែងតាំងតុលាការទៅឲ្យអង្គប្រតិបត្តិ ខណៈផ្តល់អំណាចដល់សភាក្នុងការលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល បានបញ្ឆេះឲ្យមានវិបត្តិផ្ទៃក្នុងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ការប្រកាសការសម្រេចចិត្តរបស់លោកកាលពីល្ងាចថ្ងៃចន្ទ ក្នុងការផ្អាកគម្រោងការនានារហូតដល់សភាបើកទ្វារវិញ ក្រោយការឈប់សម្រាករម្លឹកដល់ថ្ងៃរំដោះជាតិ និងថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិនៅខែក្រោយ លោក Netanyahu បាននិយាយថា វិបត្តិនេះតម្រូវឲ្យភាគីទាំងអស់ចូលរួមទទួលខុសត្រូវ។ រយៈពេលជាច្រើនខែមកនេះ អ្នកតវ៉ារាប់ម៉ឺននាក់បានចេញតវ៉ាពេញដងផ្លូវនានានៃទីក្រុង Tel Aviv Jerusalem និងទីក្រុងជាច្រើនទៀតតវ៉ាប្រឆាំងនឹងផែនការនេះ ដែលក្រុមអ្នករិះគន់ក្នុងប្រទេសនិយាយថា នឹងបំផ្លាញតុល្យភាពអំណាចដែលកំពុងការពារលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខមាន