ភ្នំពេញ៖ លោកស្រី KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានស្នើទៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តសហការធ្វើឲ្យគម្រោងនានារបស់ JICA កំពុងអនុវត្តនៅកម្ពុជា ឲ្យបានបញ្ចប់តាមកាលកំណត់ ។
នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកស្រី KAMEI Haroku បានលើកឡើងថា បច្ចុប្បន្ន JICA កំពុងតែបន្តអនុវត្តគម្រោងថ្មី គឺគម្រោងកសាង និងអភិវឌ្ឍន៍ជាអចិន្រ្តៃយ៍ នៅទូទាំងប្រទេសកម្ពុជា ដែលការងារនេះ កំពុងតែដំណើរការ ហើយលោកស្រី បានបង្ហាញពីការចូលរួមអបអរសាទរ ចំពោះលទ្ធផលល្អប្រសើរជាច្រើនក្រោយពេលមានច្បាប់សំណង់រួចមក ។
លោកស្រី បានបបន្តថា បេសកកម្មរបស់លោកស្រី នឹងបញ្ចប់នៅសប្តាហ៍នេះ ខណៈប្រធាន JICA ថ្មី នឹងមកដល់នៅខែមេសា ហើយប្រធានចៃការផុតអាណត្តិរូបនេះ ក៏បានស្នើសុំកិច្ចសហការពីក្រសួងរៀបចំដែនដី ព្យាយាមខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុក ។
ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាល់គម្រោងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលការគាំទ្រពីជប៉ុនសុទ្ធតែទទួលបានជោគជ័យទៅលើគ្រប់ការដ្ឋានក្នុងគម្រោងទាំងអស់ ដោយរាល់គម្រោងទាំងអស់ ជាគម្រោងមានលក្ខណៈនិរន្តរភាព បម្រើឲ្យផលប្រយោជន៍ផ្ទាល់ដល់ពលរដ្ឋ ក្នុងការលើកកំពស់ជីវភាពរបស់ពលរដ្ឋ ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បញ្ហាបណ្តុះបណ្តាលនិងការសហការគ្នា គឺចាត់ទុកថាជាគម្រោងដែលមានលក្ខណៈនិរន្តរភាពយូរអង្វែង ហើយរាល់គម្រោងទាំងអស់គឺមានគុណភាពដោយមិនមែនសម្ពោធរួចជួសជុលតាមក្រោយនោះទេ ។
ឯកឧត្តម បានបញ្ជាក់ថា យើងទទួលបានជោគជ័យលើច្បាប់សំណង់រួចហើយ គឺបានធ្វើឲ្យវិស័យសំណង់មានសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពយូរអង្វែង ដោយមុនពេលមានច្បាប់សំណង់នេះ គឺម្ចាស់សំណង់ និងអ្នកវិនិយោគគឺសាងសង់តាមតែចិត្ត ប៉ុន្តែក្រោយពេលមានច្បាប់សំណង់ បានធ្វើឲ្យពួកគេចាប់អារម្មណ៍មកសុំច្បាប់អនុញ្ញាត ហើយស្ថាបត្យករ វិស្វករ បានចាប់អារម្មណ៍មកចុះឈ្មោះ និងទទួលយកការបណ្តុះបណ្តាល ដែលនេះបង្ហាញឲ្យឃើញពីការរីកចំរើនមួយផ្នែក ៕ អត្ថបទ៖ បាន សុខរិទ្ធិ