ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅថ្ងៃទី៣០ ខែមីនាខាងមុខនេះ នឹងផ្តល់ឱកាសការងារសរុបចំនួន ១ ១១០កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច។
កម្មវិធីវេទិកាការងារនេះ នឹងរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជាជីវៈ ដែលជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន BS Land & home, ក្រុមហ៊ុន ONLINE, ធនាគារ ស្ថាបនា, ក្រុមហ៊ុន KERRY World Bridge Logistics, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ , ក្រុមហ៊ុន MJQ Mengly.J.Quach Education, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក , ក្រុមហ៊ុន Mekongnet , ក្រុមហ៊ុន Manulife Cambodia , និង ក្រុមហ៊ុន RMA Cambodia។
សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។
សូមបញ្ជាក់ថា វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕





