បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានប្រកាសពីការខាតបង់សរុបចំនួន ១២១.៣លានផោន (១៤៨.៦៥លានដុល្លារអាមេរិក) សម្រាប់រដូវកាល ២០២១-២២ ដោយសារតែ "ការចំណាយលើសកំណត់ និងការបាត់បង់ប្រាក់ចំណូល" បន្ទាប់ពីការដាក់ទណ្ឌកម្មលើអតីតម្ចាស់ក្លិបសញ្ជាតិរុស្ស៊ីលោក Roman Abramovich។
ម្ចាស់ក្លឹបរុស្ស៊ីលោក Abramovich បានដាក់លក់ក្លឹបនេះនៅដើមខែមីនាឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថាជា "ប្រតិបត្តិការយោធាពិសេស"។ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសលើលោក Abramovich ក៏បានធ្វើឱ្យដំណើរការលក់ភាគហ៊ុនក្លិបមានភាពស្មុគស្មាញផងដែរ។ Chelsea មិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រ ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំណូល ខណៈពេលដែលការចំណាយប្រតិបត្តិការរបស់ពួកគេក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារតែការរឹតបន្តឹងរបស់រដ្ឋាភិបាលរហូតដល់ការលក់ភាគហ៊ុនក្លិបបានបញ្ចប់នៅចុងខែឧសភាឆ្នាំមុន។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះបានឲ្យដឹងថា តួលេខចំណូលរបស់ពួកគេបានកើនឡើងដល់ ៤៨១.៣លានផោនពី ៤៣៤.៩លានផោនកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារតែការកើនឡើងនៃថ្ងៃប្រកួត និងប្រាក់ចំណូលពាណិជ្ជកម្ម នៅពេលដែលអ្នកគាំទ្រត្រលប់មកកីឡដ្ឋានវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19។ ប្រាក់ចំណូលពាណិជ្ជកម្មរបស់ក្លឹបក៏បានកើនឡើងដល់ ១៧៧.១លានផោនផងដែរ ដោយសារការកើនឡើងនៃប្រាក់ចំណូលឧបត្ថម្ភពីកិច្ចសន្យាថ្មី និងការបន្តដៃគូដែលមានស្រាប់។
Chelsea ត្រូវបានទិញដោយក្រុមវិនិយោគិនដែលដឹកនាំដោយអ្នកជំនួញអាមេរិក Todd Boehly និង Clearlake Capital ដែលបានវិនិយោគច្រើនជាង ៦០០លានអឺរ៉ូក្នុងការទិញចូលកីឡាករថ្មីនាពេលកន្លងមក។ Chelsea កំពុងឈរនៅលេខ ១០ នៅ Premier League និងឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលពួកគេត្រូវជួបជាមួយក្រុមម្ចាស់ជើងឯក Real Madrid នៅខែក្រោយ៕
អត្ថបទ៖នាង សុភាវុធ