រ៉ូម៉ានី៖ កងទ័ពសម្ព័ន្ធយោធាណាតូបានធ្វើសមយុទ្ធនៅឆ្នេរសមុទ្រប្រទេសរ៉ូម៉ានីកាលពីថ្ងៃចន្ទ ដោយហ្វឹកហាត់លើយុទ្ធសាស្ត្រជម្លៀសនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ កងកម្លាំងនៃអង្គភាពទាហានជើងទឹកបានអនុវត្តការជម្លៀសជនស៊ីវិលចេញពីតំបន់ឆ្នេរនៅតំបន់ដីសណ្ដ Danube ជាតំបន់ជាប់ព្រំដែនទីក្រុង Odesa របស់អ៊ុយក្រែន។

ទីក្រុង Odesa គឺជាទីតាំងនៃការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកពេញលេញកាលពីជាងមួយឆ្នាំមុន។ រលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានធ្វើឡើងនៅដើមខែមីនា ដោយបានកាត់ផ្តាច់ថាមពលអគ្គិសនីនៅក្នុងតំបន់មួយចំនួន ដោយវាយប្រហារនៅរដ្ឋធានី Kyiv កំពង់ផែសមុទ្រខ្មៅទីក្រុង Odesa និងទីក្រុងធំបំផុតទីពីរ Kharkiv។
សមយុទ្ធនៅប្រទេសរូម៉ានីគឺជាផ្នែកមួយនៃសមយុទ្ធ «Sea Shield 23» ដែលចូលរួមដោយទាហានចំនួន ៣,៤០០នាក់មកពីបណ្តាប្រទេសនៅទូទាំងសម្ព័ន្ធយោធាមិត្តណាតូ រួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ សមយុទ្ធនេះគ្រោងនឹងបន្តរហូតដល់ថ្ងៃទី៤ ខែមេសា៕
អត្ថបទ៖ ប៊ុនថន