វ៉ូវីណាម៖ ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយក្រោមអធិបតីភាពឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ខណៈឯកឧត្តមបានថ្លែងអំណរគុណដែលប្រទេសទាំងអស់ដែលបានចូលរួមប្រកួត ហើយអរគុណដល់ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលបានផ្តល់ថវិកាក្នុងការរៀបចំការប្រកួតនេះ។ វ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកនេះមាន ៧ប្រទេសចូលរួមដូចជាម្ចាស់ផ្ទះកម្ពុជា វៀតណាម ឡាវ ថៃ ហ្វីលីពីន សហភាពមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់។

គិតត្រឹមថ្ងៃទី២៧ ខែមីនា អត្តពលិកកម្ពុជាដណ្តើមបានមេដាយ ៩គ្រឿងក្នុងនោះមាស ៥គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង ចំនែកវៀតណាមដណ្ដើមបានមេដាយមាស ២គ្រឿង ប្រាក់ ៤គ្រឿង, ថៃដណ្តើមបានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង, សហភាពមីយ៉ាន់ម៉ាមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦ ឯឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីនដណ្តើមបានតែមេដាយសំរឹទ្ធ។ ការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមីនាខាងមុខនេះ៕
