ព្រះសីហន៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលនៅខេត្ត ព្រះសីហនុ បន្តពង្រឹតសមត្ថភាពបន្ថែមទៀត សម្រាប់កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា បើទោះបីជាកងកម្លាំង របស់យើងនាពេលកន្លងមកនេះបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ អ្នកវិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានល្អប្រសើយ៉ាងណាក្តី ក៏ប៉ុន្តែបទល្មើសនៅតែបន្តមាន ដូច្នេះទាមទារឱ្យយើង បន្ដរៀបចំផែនការបង្កើនកម្លាំងជំនាញ និងពង្រឹងសមត្ថភាពបន្ថែមសម្រាប់ប្រសិទ្ធភាពការងារសន្ដិសុខសុវត្ថិភាព ពិសេសការជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ និងគ្រឿងញៀន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាន លើកឡើងផងដែរថា នៅខេត្តព្រះសីហនុនេះ គឺពិតជាមានបញ្ហាមួយចំនួនមែន ដែលករណីនេះបានជះឥទ្ធិពលដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដូចជាករណី ការបង្ខាំងមនុស្ស ជួញដូរពលកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ជាដើម។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រុងព្រះសីហនុ មានបទល្មើសច្រើនជាងគេប្រមាណ ៨០% ក្នុងចំណោមក្រុងស្រុកទាំង៥។ តែយ៉ាងណាក៏ដោយ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ ត្រូវធ្វើព្រមៗគ្នាឲ្យសកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អទាំងសន្ដិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍ ដោយជម្រុញការផ្សព្វផ្សាយ និងវិធានការរដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគិនជាប្រចាំផងដែរ៕










