ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក ចុះកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ ដើម្បីជំរុញវិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើង អំឡុងពេល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសជំនួបទ្វេភាគី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តម Nasser BOURIT រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក បានផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ជាកម្លាំងជម្រុញថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកនូវ កិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រ Mohammed Vi និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុក ក៏ដូចជាគោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត ដែលព្រះអង្គមានគោលបំណងធានានូវភាពរីកចម្រើន រុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក និងប្រជាជនម៉ារ៉ុក។
ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានអញ្ជើញស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក ដោយបានបង្ហាញពីទំនុកចិត្តលើកិច្ចព្រមព្រៀងនេះនឹងជួយរួមចំណែកដល់ការលើកកម្ពស់វិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
លើសពីនេះ ក្នុងស្មារតីដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការ ហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់សម្រេចចំនួន ០៣ ផ្សេងទៀត រួមមាន ទី១.កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងម៉ារ៉ុក និងកម្ពុជា, ទី២. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងម៉ារ៉ុក និងកម្ពុជា និងទី៣. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។
ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹងមាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងដ៏ល្អប្រសើរដែលភ្ជាប់ប្រទេសទាំងពីរទាំងកម្រិតនយោបាយ និងការទូត៕ អត្ថបទ ៖ ឧត្ដម
