មីយ៉ាន់ម៉ា៖ របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា ផលប៉ះពាល់នៃការធ្វើរដ្ឋប្រហារយោធានៅក្នុងសហភាពមីយ៉ាន់ម៉ា រួមជាមួយផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 អាចធ្វើឱ្យគ្មានវឌ្ឍនភាពជាច្រើនឆ្នាំ និងចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្រកើនឡើងទ្វេដង។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNDP បាននិយាយថា មនុស្ស ១២លាននាក់អាចនឹងធ្លាក់ចូលក្នុងស្ថានភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារអាជីវកម្មនៅតែត្រូវបានបិទ នៅក្នុងការប្រឈមមុខដាក់គ្នារវាងរបបយោធា និងចលនាបះបោរស៊ីវិលដ៏ធំមួយ។ វិបត្តិនយោបាយដែលអូសបន្លាយនឹងបង្កឱ្យមានការធ្លាក់ចុះ នៃការទទួលបានអាហារសេវាមូលដ្ឋាន និងការគាំពារសង្គម។ ក្រុមសេដ្ឋវិទូបាននិយាយថា រោងចក្រ ការិយាល័យធនាគារ និងកន្លែងផ្សេងទៀតបានបិទទ្វារ ហើយពាណិជ្ជកម្មត្រូវបានរំខានដោយការបញ្ឈប់ចរន្តការងារ និងការរំខានផ្សេងទៀតនៅកំពង់ផែ។
បញ្ហានេះកាន់តែអាក្រក់ទៅៗ ដោយសារស្ថានភាពនៃជំងឺរាតត្បាតសកលដែលមានស្រាប់។ UNDP បាននិយាយថា ស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺននៅដើមឆ្នាំ២០២២ ដល់កម្រិតនៃភាពក្រីក្រដូចដែលបានឃើញចុងក្រោយក្នុងឆ្នាំ២០០៥ នៅពេលពាក់កណ្ដាលនៃប្រជាជនមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពក្រីក្រ៕
អត្ថបទ៖ សុខមាន