ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបញ្ជាក់ថា អ្នកទាំងអស់គ្នា អាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ។ ជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «តួនាទីយុវជនក្នុងសង្គមកម្ពុជា» ជូនដល់គណៈគ្រប់គ្រង យោធាចារ្យ នាយទាហាន បុគ្គលសិក្សា និស្សិត សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ សរុបប្រមាណ ៩០០ នាព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ថ្ងៃនេះដ្បិតថាសិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញ និងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ ក៏ជាសមាជិកនៃក្រុមគ្រួសារខ្មែរ អាចជាមេគ្រួសារផង និងអាចជាអនាគតអ្នកដឹកនាំផង។ ក្នុងន័យនេះ ប្រាកដណាស់ថាយើងមានតួនាទីភារកិច្ចប្រចាំថ្ងៃ តែការងាររួមរបស់យើងនោះ គឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយរបស់ក្រុមគ្រួសារយើង និងសង្គមយើង។ យើងធ្លាប់មានបទពិសោធន៍នៃការសាកល្បងច្រើនណាស់ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំឲ្យមានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ។ ដូច្នេះយើងត្រូវតែការពារមិនឲ្យមានស្ថានភាពចលាចលទាំងអស់នោះ មករំខានសេចក្តីសុខរបស់យើងទៀតនោះទេ។ យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកយក០៣ចំនុចសំខាន់ៗ ដោយផ្តើមចេញពីការចែករំលែកពីទស្សនៈរបស់ខ្លួនលើ (១)បទពិសោធន៍ជាប្រវត្តិសាស្ត្រដែលយុវជនជំនាន់មុន និងជាថ្នាក់ដឹកនាំបច្ចុប្បន្នឆ្លងកាត់ ក្នុងដំណើរស្វែងរកសន្តិភាព (២)តម្លៃនៃវិស័យការពារជាតិ ផ្សារភ្ជាប់ នឹងកិច្ចការពារសុខសន្តិភាព និង(៣)ការត្រៀមខ្លួន និងចូលរួមក្នុងនាមជាអ្នកបន្តវេនលើការដឹកនាំកម្ពុជា ឆ្ពោះទៅអនាគត។ ជាមួយគ្នានេះ ដោយអង្គពិធីថ្ងៃនេះ ជាអ្នកដែលបាន និងកំពុងទទួលការបណ្តុះបណ្តាលផ្តោតលើកិច្ចការពារជាតិ។ ឯកឧត្តម បានសង្កត់ធ្ងន់ លើតម្លៃសុខសន្តិភាព ដែលជាខឿននៃការអភិវឌ្ឍជាតិ និងជាអ្វីដែលគ្រប់ៗគ្នាត្រូវការពារជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមបានចែករំលែកទៀតថា៖ ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព ក៏ដូចជាស្វែងយល់អោយច្បាស់ពីសមិទ្ធផលសន្តិភាពដែលទទួលបានតាមរយៈការអនុវត្តន៍យោបាយឈ្នះ-ឈ្នះ ដែលបានក្លាយជាមូលដ្ឋាន នៃការរស់រាននៃសង្គម សេដ្ឋកិច្ចជាតិ រហូតឈានដល់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងបន្តទៅមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកសាកលវិទ្យាធិការ បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន មានី ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃបំផុត មកសំណេះសំណាល និងធ្វើបាឋកថា ចែករំលែកបទពិសោធន៍ដឹកនាំ និងបំពេញការងារ មិនថាក្នុងក្របខណ្ឌយុវជន ក៏ដូចជាក្របខណ្ឌនានា ដែលឯកឧត្តមទទួលបន្ទុក។ ពិធីនាថ្ងៃនេះដែរ ពិតជាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃការចូលរួមពីគ្រប់កោសិកាសង្គមក្នុងកិច្ចការលើកស្ទួយវិស័យការពារជាតិ ដែលជាវិស័យមិនអាចខ្វះបាន និងសំខាន់សម្រាប់ប្រទេសជាតិ៕ អត្ថបទ៖ រដ្ឋា









