សៀមរាប៖ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០%ហើយ។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។
គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គីសនីប្រើប្រាស់ព្រោងព្រាតចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ។គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាដោយគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ៕ ដោយ ៖ ដារា












