ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើយ៉ាងណាបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
បច្ចុប្បន្នអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត កំពុងពន្លឿនដំណើរការសាងសង់ និងបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តទំនើបៗ ដែលនាំចូលមកពីបរទេស ហើយគ្រោងបញ្ចប់ដំណើរសាងសង់ឆាប់ៗនេះ។ អគារនេះ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ដោយគោរពទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមន្ទីរពេទ្យកាល់ម៉ែត កាន់តែទំនើប និងជាមូលដ្ឋានដើម្បីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសកាត់បន្ថយកុំឱ្យបងប្អូនប្រជាពលរដ្ឋ ចេញទៅរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស។ ជាក់ស្តែងអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែតនេះ គឺមិនមែនសាងសង់ឡើងគ្រាន់តែរៀបចំហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែអគារនេះត្រូវបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈស្របតាមសកលភាវូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តមសាស្ត្រចារ្យ រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា យើងមានគម្រោងនៅចុងខែឧសភាខាងមុខនេះ សូមគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញមកសម្ពោធ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឱ្យស្រុកយើងនេះអាចព្យាបាលជំងឺបានកម្រិតខ្ពស់ នៅក្នុងស្រុកចៀសវាងទៅស្រុកគេ លើកលែងតែករណីណាយើងធ្វើមិនបាន។អគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់វះកាត់ចំនួន១០ បំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ចុងក្រោយគេ។ ស្ថាបត្យកម្មសំណង់ដ៏ធំស្កឹមស្កៃនេះ បានសាងសង់ឡើងស្របតាមបច្ចេកទេស វិស្វកម្មសំណង់ស្តង់ដារលំដាប់ខ្ពស់ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានលក្ខណៈប្រទាក់ក្រឡាគ្នា មានគុណភាព និងភាពរឹងមាំយូរអង្វែង សមស្រប នឹងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ កម្រិតខ្ពស់ចុងក្រោយ សម្ភារៈប្រើប្រាស់ម៉ាកល្បីៗ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតជំនាញៗគ្រប់ឯកទេស។
សូមបញ្ចាក់ផងដែរថា អគារតេជោអភិវឌ្ឍន៍ មនី្ទរពេទ្យកាល់ម៉ែត គឺជាមជ្ឈមណ្ឌលពហុឯកទេស ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះ មាន៤៦៥គ្រែ បំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប។ ខណៈនៅជាន់ខាងលើនៃអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត គឺមានកន្លែងចុះចតឧទ្ធម្ភាគចក្រ៕
អត្ថបទ៖ រដ្ឋា











