ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំរៀបចំដំណើរការប្រឡងជ្រើសរើសមន្រ្តីរាជការ ដើម្បីរួមចំណែកជំរុញការគោរពរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់កាលបរិច្ឆេទប្រឡង មណ្ឌលប្រឡង និងឯកសារពាក់ព័ន្ធផ្សេងៗទាក់ទងនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌអភិបាល(ប្រភេទ ក) កម្រិតបរិញ្ញាបត្រចំនួន ១៤រូប សម្រាប់ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនោះផ្នែកនីតិសាស្ត្រចំនួន ១២រូប និងផ្នែកភាសាអង់គ្លេសចំនួន ០២រូប ដើម្បីជំនួសក្របខ័ណ្ឌមន្ត្រីរាជការដែលបានចូលនិវត្តន៍ ផ្ទេរក្របខ័ណ្ឌទៅក្រសួងស្ថាប័នផ្សេង លាឈប់ពីការងារ និងទទួលមរណភាព។
ឯកឧត្តម តាំង រតនា មានប្រសាសន៍ថា ការជ្រើសរើសមន្រ្តីរាជការនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសឱ្យបញ្ញាវន្តជំនាន់ក្រោយជាយុវជនដែលពោពេញដោយកម្លាំងថាមពល បញ្ញាញាណ និងសមត្ថភាព បានចូលរួមបម្រើក្នុងក្របខ័ណ្ឌនៃស្ថាប័នកំពូលជាតិមួយនេះ ជាពិសេសក្នុងបុព្វហេតុធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ។
ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខណៈក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។





