
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៣៨៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺ ៤៨នាក់ទៀត ជាសះស្បើយឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៣៨៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញដែលមានចំនួនរហូតដល់ទៅ ៣៣១នាក់ បន្ទាប់មកខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងថ្មី ៣៥នាក់ ខណៈខេត្តព្រៃវែងរកឃើញអ្នកឆ្លងថ្មី ០៨នាក់។
សម្រាប់ខេត្តកណ្ដាលវិញ ក្រសួងបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ០៤នាក់ បន្ទាប់មកខេត្តកំពង់ស្ពឺរកឃើញ អ្នកឆ្លងថ្មី ០៣នាក់ ហើយខេត្តតាកែវ និងកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ០២នាក់ក្នុងខេត្តនីមួយៗ ខណៈដែលខេត្តសៀមរាប និងស្វាយរៀង រកឃើញត្រឹមតែ ០១នាក់ថ្មីនៅក្នុងខេត្តនីមួយៗ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ១៣ ៧៩០នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះអ្នកឆ្លងមេរោគកូវីដ-១៩ដល់ទៅ ១៣ ២៣៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏បញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ-១៩សរុបចំនួន ៥ ២០០នាក់ហើយត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៤៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺសរុប ៨ ៤៨៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕