អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារបាននិយាយថា លោកមានការព្រួយបារម្ភអំពីលទ្ធភាពដែលថា រុស្ស៊ីនឹងបញ្ជូនអាវុធនុយក្លេអ៊ែរតាក់ទិកទៅកាន់ប្រទេសបេឡារុស។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា «ពួកគេពុំទាន់បានធ្វើរឿងនោះនៅឡើយទេ» ប៉ុន្តែលោកបាននិយាយថា នោះជាការនិយាយដ៏គ្រោះថ្នាក់ដែលលោក Putin កំពុងប្រើ ហើយវាជារឿងគួរឱ្យព្រួយបារម្ភ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនាបាននិយាយថា រុស្ស៊ីមានកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងបេឡារុស ដើម្បីដាក់មូលដ្ឋានអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីរបស់ប្រទេសនេះ។ ប្រទេសបេឡារុសកាលពីថ្ងៃអង្គារបានអះអាងថា ខ្លួននឹងទទួលអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី ដោយនិយាយថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងសម្ពាធជាច្រើនឆ្នាំមកហើយ របស់ប្រទេសលោកខាងលិចរួមមានទាំងការដាក់ទណ្ឌកម្ម និងអ្វីដែលខ្លួនបាននិយាយថា ជាការបង្កើនយោធាដោយសមាជិកសម្ព័ន្ធយោធាណាតូនៅជិតព្រំដែនរបស់ខ្លួន។ ទោះបីជាលោក Putin មិនបាននិយាយថា ការដាក់ពង្រាយនឹងធ្វើឡើងនៅពេលណាក៏ដោយ ក៏ការប្រកាសនេះទំនងជាត្រួសត្រាយផ្លូវ សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ទីក្រុងមូស្គូ នៅខាងក្រៅព្រំដែនរបស់ខ្លួនចាប់តាំងពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១៕
អត្ថបទ៖ ប៊ុនថន