ឥណ្ឌា៖ ស្របពេលដែលប្រទេសឥណ្ឌាស្ថិតក្នុងដំណាក់កាល ឆ្លងរាលដាលខ្លាំងនៃវីរុសកូរ៉ូណា និងចំនួនមនុស្សស្លាប់កាន់តែច្រើន មន្ទីរពេទ្យ និងឈាបនដ្ឋានបូជាសពនានាផ្ទុកពេញដោយសាកសព ក៏ដូចជាការផ្គត់ផ្គង់សំខាន់ៗជួបការខ្វះខាត ក្រុមអ្នកស្ម័គ្រចិត្តបានប្រថុយគ្រោះថ្នាក់យ៉ាងខ្លាំង ក្នុងការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយដើម្បីជួយប្រមូលសាកសព។

ក្រុមអ្នកស្ម័គ្រចិត្តមកពីអង្គការសប្បុរសធម៌អន្តរជាតិស៊ីក (International Sikh charity) បានប្រមូលសាកសពពីផ្ទះគ្រួសារនានា និងផ្ទះរបស់អ្នកដែលបានស្លាប់តែម្នាក់ឯង។ ម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តលោក Paramjeet Singh បានប្រាប់ទូរទស្សន៍ Sky News របស់អង់គ្លេសកាលពីថ្ងៃទី៣០ ខែមេសាថា លោកបានធ្វើរឿងនេះរយៈពេលពីរថ្ងៃមុន ពេលដែលលោកបានប្រមូលសាកសពពូបង្កើតរបស់លោក ដែលបានស្លាប់បន្ទាប់ពីអស់អុកស៊ីសែន។ ខណៈមានករណីឆ្លងថ្មីចំនួន ៣៨៦.៤៥២នាក់ ឥឡូវនេះប្រទេសឥណ្ឌាបានរាយការណ៍ថា មានចំនួនអ្នកឆ្លងជាង ១៨លាន ៧សែននាក់ចាប់តាំងពីការរាតត្បាតបានផ្ទុះឡើង ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលក៏បានរាយការណ៍ផងដែរថា មានមនុស្សស្លាប់ចំនួន ៣.៤៩៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ២០៨.៣៣០នាក់។ ក្រុមអ្នកជំនាញជឿជាក់ថា តួលេខទាំងពីរគឺជាចំនួនមិនច្បាស់សាល់។ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងរឹតត្បិតការធ្វើដំណើរពីប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន