ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍ និងសកម្មជនបានទាមទាររកយុត្តិធម៌កាលពីថ្ងៃអង្គារ ឲ្យជនអន្តោប្រវេសន៍យ៉ាងតិច ៤០នាក់ដែលបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ នៅក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងទីក្រុង Ciudad Juarez ភាគខាងជើងប្រទេសម៉ិកស៊ិក។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ដែលមានកំហឹង និងសកម្មជនគាំទ្រការធ្វើអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយអន្តោប្រវេសន៍ក្នុងទីក្រុង Ciudad Juarez ជាកន្លែងដែលជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាល និងខាងត្បូងបានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះកាលពីល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ដែលទំនងជាបណ្តាលមកពីការតវ៉ាជុំវិញការនិរទេស។ ពួកគេនៅទីនោះរយៈពេលមួយខែ។ ពួកគេបានស្រែកដោយភាពស្រេកឃ្លាន ដោយសារតែក្រុមមន្ត្រីមិនបានផ្តល់អាហារដល់ពួកគេ។ ជនអន្តោប្រវេសន៍មកពីប្រទេសវេណេហ្ស៊ុយអេឡា ដែលបានចូលរួមការតវ៉ាបាននិយាយថា វាមិនយុត្តិធម៌នោះទេ។ រដ្ឋមន្ត្រីការបរទេសប្រទេសអាមេរិកកណ្តាល លោក Mario Bucaro បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ជនរងគ្រោះ ២៨នាក់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់គឺមកពីប្រទេសហ្គាតេម៉ាឡា ហើយយោងតាមអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះបានឲ្យដឹងថា ១៣នាក់ទៀតផ្សេងទៀតជាជនជាតិហុងឌុយរ៉ាស។
វិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក (INM) បាននិយាយថា ក្រៅពីមនុស្ស ៤០នាក់ដែលបានស្លាប់ មនុស្ស ២៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានរងរបួសនៅក្នុងអគ្គិភ័យនេះ ដែលមន្ត្រីបាននិយាយថា មនុស្សទាំងអស់សុទ្ធតែជាបុរសពេញវ័យ។ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយថា អាជ្ញាធរជឿថា អគ្គិភ័យនៅក្នុងទីក្រុងទល់មុខទីក្រុង El Paso រដ្ឋតិចសាស់បានផ្ទុះឡើងនៅម៉ោង ៩ និង៣០នាទីយប់ម៉ោងក្នុងតំបន់ ខណៈជនអន្តោប្រវេសន៍មួយចំនួនបានដុតពូកក្នុងការតវ៉ា បន្ទាប់ពីបានដឹងថា ពួកគេនឹងត្រូវនិរទេស។ អគ្គិភ័យជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតដែលបានកើតឡើងនៅប្រទេសនេះ ក្នុងរយៈពេលច្រើនឆ្នាំមកនេះបានកើតឡើង ខណៈសហរដ្ឋអាមេរិក និងម៉ិកស៊ិកកំពុងប្រយុទ្ធ ដើម្បីទប់ស្កាត់កម្រិតកើនឡើងខ្ពស់នៃការឆ្លងកាត់ព្រំដែន៕
អត្ថបទ៖ ប៊ុនថន