អាមេរិក៖ ស្នងការនគរបាលក្រុងណាស្វីលបាននិយាយកាលពីថ្ងៃអង្គារថា អតីតសិស្សវ័យ ២៨ឆ្នាំដែលបានសម្លាប់កុមារ ៣នាក់ និងបុគ្គលិកសាលារៀន ៣នាក់នៅសាលាគ្រិស្តសាសនាក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ ស្ថិតក្រោមការមើលថែរបស់វេជ្ជបណ្ឌិតក្នុងករណីមានវិបល្លាសផ្នែកសតិអារម្មណ៍ និងបានទិញកាំភ្លើងចំនួន ៧ដើមមុនការបាញ់ប្រហារនោះ។

ស្ត្រីជាខ្មាន់កាំភ្លើងឈ្មោះ Audrey Elizabeth Hale បានប្រើកាំភ្លើងវែង ២ដើម និងកាំភ្លើងខ្លីមួយដើមអំឡុងការបាញ់បោះដោយសេរីលើសាលាបឋមសិក្សាមួយនេះ ជាហេតុការណ៍ចុងក្រោយបំផុតក្នុងព្រឹត្តិការណ៍បាញ់សម្លាប់មនុស្សដ៏ធំជាបន្តបន្ទាប់ ដែលបានធ្វើឲ្យអាវុធក្លាយជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងនយោបាយសហរដ្ឋអាមេរិក។ ស្នងការនគរបាលក្រុងណាស្វីលលោក John Drake បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា កាំភ្លើង ៣ដើមក្នុងចំណោម ៧ដើមដែលជនល្មើសបានទិញដោយខុសច្បាប់ពីហាងចំនួន៥។
ស្នងការនគរបាលខាងលើនិយាយថា ឪពុកម្ដាយរបស់ជនដៃដល់ Hale ពុំបានដឹងថា នាងមានអាវុធក្នុងដៃដល់ទៅ ៧ដើមនោះទេ ដោយបន្ថែមថា អាវុធទាំងនោះស្ថិតក្រោមការតាមដានថា ជនសង្ស័យបានគ្រប់គ្រងអាវុធតែមួយដើមប៉ុណ្ណោះ ប៉ុន្តែបានលក់ចេញវិញ ហើយក្រុមអ្នកស៊ើបអង្កេតនៅតែពុំទាន់អាចកំណត់បានពីមូលហេតុ ឈានដល់ការបាញ់សម្លាប់នេះនៅឡើយ។ វីដេអូដែលបានបញ្ចេញកាលពីថ្ងៃអង្គារ បានបង្ហាញពីក្រុមមន្ត្រីនគរបាលក្រុងណាស្វីលបាញ់ជាច្រើនគ្រាប់លើខ្មាន់កាំភ្លើង នៅក្នុងការបាញ់បោះប៉ុន្មាននាទីនៅសាលារៀននោះ ក្រោយសម្រុកចូលទៅក្នុងសាលាមួយនេះប្រដាប់ដោយកាំភ្លើងវែង និងឆែកឆេរពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយ៕
អត្ថបទ៖ សុខមាន