អាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ស្ថាបនិកនៃគម្រោងដែលបានធ្វើយុទ្ធនាការ សម្រាប់ការសិក្សាអប់រំរបស់ក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរក្រុមតាលីបង់នៅទីក្រុងកាប៊ុល។

រដ្ឋាភិបាលក្រុមតាលីបង់ កាលពីឆ្នាំមុនបានរារាំងក្មេងស្រីមិនឱ្យចូលរៀននៅថ្នាក់អនុវិទ្យាល័យ និងបន្ទាប់មកនៅសាកលវិទ្យាល័យ ដែលធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានក្លាយជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលចេញវិធានការរឹតត្បិតលើការអប់រំបែបនេះ។ លោក Samiullah Wesa ជាបងប្រុសបានប្រាប់សារព័ត៌មានថា លោក Matiullah Wesa ដែលជាប្រធានគម្រោង PenPath ត្រូវបានបញ្ឈប់ដំណើរដោយបុរសមួយក្រុមនៅខាងក្រៅវិហារអ៊ីស្លាមមួយកន្លែង បន្ទាប់ពីការអធិស្ឋានកាលពីល្ងាចថ្ងៃចន្ទ។ លោកនិយាយថា នៅពេលដែលលោក Matiullah សុំអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ពួកគេបានវាយមកលើលោក ហើយនាំលោកចេញដោយប្រើកម្លាំង។ លោក Wesa បាននិយាយថា លោកត្រូវបានចាប់ខ្លួនដោយសារសកម្មភាពរបស់លោកនៅក្នុងវិស័យសិក្សាអប់រំ។ លោកពុំបានធ្វើការជាមួយនរណាម្នាក់ផ្សេងទៀត ឬរដ្ឋាភិបាលមុននោះទេ។ លោកគ្រាន់តែធ្វើការសម្រាប់តែគម្រោង PenPath ប៉ុណ្ណោះ។
យុទ្ធនាការគម្រោង PenPath សម្រាប់សាលារៀន និងចែកចាយសៀវភៅនៅតាមតំបន់ជនបទ និងបានសម្របខ្លួនជាយូរមកហើយ ក្នុងទំនាក់ទំនងដ៏មានសារៈសំខាន់នៃការសិក្សាអប់រំរបស់ក្មេងស្រី រហូតដល់មនុស្សវ័យចំណាស់នៅតាមភូមិ ដែលអាកប្បកិរិយាបាននឹងកំពុងមានការផ្លាស់ប្តូរបន្តិចម្តងៗ។ ចាប់តាំងពីបម្រាមដាក់លើសាលាថ្នាក់អនុវិទ្យាល័យសម្រាប់ក្មេងស្រី លោក Wesa បានបន្តចុះពិនិត្យនៅតំបន់ដាច់ស្រយាល ដើម្បីបង្កើនការគាំទ្រពីពលរដ្ឋក្នុងតំបន់។ កាលពីសប្តាហ៍មុន ខណៈឆ្នាំសិក្សាថ្មីបានចាប់ផ្តើមដោយគ្មានក្មេងស្រីជំទង់ លោកបានប្តេជ្ញាបន្តយុទ្ធនាការរបស់លោក។ លោកបានសរសេរលើបណ្តាញ Twitter ថា ការខាតបង់ដែលបណ្តាល មកពីការបិទសាលារៀន មិនអាចប្រែប្រួលបាន និងមិនអាចប្រកែកបាន។ យើងបានជួបប្រជុំជាមួយពលរដ្ឋក្នុងតំបន់ ហើយយើងនឹងបន្តការតវ៉ា ប្រសិនបើសាលារៀននៅតែបិទ៕
អត្ថបទ៖ ប៊ុនថន