អូឡាំពិក៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅថ្ងៃអង្គារម្សិលមិញ បានចេញអនុសាសន៍សម្រាប់ការវិលត្រឡប់បន្តិចម្តងៗ ទៅកាន់ការប្រកួតអន្តរជាតិរបស់អត្តពលិករុស្ស៊ី និងបេឡារុសដោយប្រធាន IOC លោក Thomas Bach ថា ការសម្រេចចិត្តនេះគួរតែផ្អែកលើស្មារតីកីឡាមិនពាក់ព័ន្ធនយោបាយ។
ប្រធាន IOC ដដែលបានឱ្យដឹងដែរថា អនុសាសន៍របស់ក្រុមប្រឹក្សាប្រតិបត្តិ IOC ទាក់ទងនឹងការវិលត្រឡប់មកវិញរបស់អត្តពលិកទាំងរុស្ស៊ី និងបេឡារុសនៅក្នុងការប្រកួតអន្តរជាតិគឺជាការសម្រេចចិត្តមួយ តែអូឡាំពិកឆ្នាំ២០២៤ គឺជាការសម្រេចចិត្តដាច់ដោយឡែកថា រុស្ស៊ី និងបេឡារុសអាចចូលរួមបានរឺអត់ គឺគិតនៅពេលក្រោយ។ IOC បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបេឡារុស បន្ទាប់ពីការលុកលុយអ៊ុយក្រែនខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបច្ចុប្បន្ន IOC បានបន្ធូរបន្ថយទណ្ឌកម្មដោយអត្តពលិកអាចត្រលប់មកចូលរួមប្រកួតលើឆាកអន្តរជាតិវិញ ហើយមានឱកាសទទួលបានសិទ្ធិសម្រាប់កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ផងដែរ។
អត្តពលិកប្រទេសទាំង២ អាចទទួលបានកៅអីប្រកួតនៅអូឡាំពិកតាមរយៈការប្រកួតជម្រុះនៅតំបន់អាស៊ី ប៉ុន្តែ IOC បានប្រឈមមុខនឹងភាពស្មុគស្មាញផងដែរ ដោយអ៊ុយក្រែនគំរាមធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស បើមានវត្តមានអត្តពលិករុស្ស៊ី និងបេឡារុស បើទោះពួកគេមិនប្រកួតតំណាងជាតិក៏ដោយ។ លោក Bach បាននិយាយថា អនុសាសន៍សម្រាប់អ្នករៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាត្រូវអនុវត្តតាម រួមមានអត្តពលិករុស្ស៊ី និងបេឡារុសអាចប្រកួតប្រជែងបានតែមិនតំណាងជាតិ ពោលគឺក្រោមទង់អព្យាក្រឹត មិនមានទង់ជាតិ រឺការគោរពភ្លេងជាតិ។ លើសពីនេះ ពួកគេមិនអាចចូលរួមវិញ្ញាសាកីឡាជាក្រុមបានទេ ហើយអត្តពលិកដែលគាំទ្រសង្គ្រាម ឬជាប់កិច្ចសន្យាយោធា ឬទីភ្នាក់ងារសន្តិសុខជាតិរបស់ប្រទេសរបស់ពួកគេក៏មិនអាចចូលរួមបានដែរ៕
អត្ថបទ៖នាង សុភាវុធ