សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅតំបន់អភិឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បានចេញរូបរាំងបណ្ដើរៗហើយ ។
ឯកឧត្ដម ទៀ សីហា បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការគណរដ្ឋមន្រ្ដី។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ក្រោមការដោះស្រាយរបស់រាជរដ្ឋាភិបាលមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្ម័គ្រចិត្តរុះរើចាក់ចេញពីតំបន់អង្គរ ទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងជាបន្តបន្ទាប់។
ឯកឧត្តម បានបន្តថា ក្រៅពីការផ្ដល់នូវសាច់ប្រាក់ឧបត្ថម្ភប្រចាំខែ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ដល់ពួកគាត់ ដោយក្នុងនោះសមិទ្ធផលជាច្រើនបានផុសឡើងជាបន្តបន្ទាប់ ដែលមានដូចជាផ្សារ ផ្លូវជាដើម ខណៈបណ្ដាអគ្គិសនី នឹងតភ្ជាប់ឲ្យបានរួចរាល់ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង មានចំនួន ៩ ៦៨៣ គ្រួសារ បានទទួលបណ្ណក្រីក្រកម្រិត១ ដែលមានរយៈពេល ១០ ឆ្នាំ ចំនួន ៨ ៩៩៥ គ្រួសារ ហើយពួកគាត់ទទួល ដីឡូត៍ រួមនឹងអត្ថប្រយោជន៍ជាច្រើនទៀតពីរាជរដ្ឋាភិបាល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ បានសាង់សង់រួចរាល់ជាបន្តបន្ទាប់ផងដែរ៕អត្ថបទ បាន សុខរិទ្ធិ



