ឥណ្ឌា៖ ក្រុមអាជ្ញាធរបាននិយាយថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ប្រទេសឥណ្ឌាត្រូវបិទរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃសុក្រ ទី៣០ ខែមេសាដោយសារកង្វះវ៉ាក់សាំងបង្ការជំងឺ COVID-19។
ការផ្អាកនេះបានចាប់កើតឡើង ខណៈដែលប្រទេសឥណ្ឌាបានរាយការណ៍ថា មានការកើនឡើងប្រចាំថ្ងៃករណីថ្មីឆ្លងចំនួន ៣៨៦.៤៥២នាក់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣.៤៩៨នាក់ក្នុងរយៈពេល ២៤ម៉ោង នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជឿជាក់ថា តួលេខពិតប្រាកដនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកមួយនេះ អាចមានចំនួនច្រើនជាង ៥ ទៅ ១០ដងច្រើនលើសចំនួនផ្លូវការដែលបានប្រកាស។
ប្រទេសឥណ្ឌាបានបន្ថែមករណីឆ្លងប្រមាណ ៧លាន ៧សែននាក់បន្ថែមទៀត ទៅក្នុងចំនួនអ្នកឆ្លងសរុបរបស់ខ្លួនចាប់តាំងពីចុងខែកុម្ភៈ នៅពេលរលកលើកទី២ របស់វីរុសដ៏កាចសាហាវនេះបានហក់ឡើងខ្លាំង។ ផ្ទុយទៅវិញប្រទេសឥណ្ឌាបានប្រើពេលជិត ៦ខែដើម្បីបន្ថែមករណីឆ្លងលើចំនួន ៧លាន ៧សែនករណីចាស់៕
អត្ថបទ៖ សុខមាន