កូឡុំប៊ី៖ ការវាយប្រហារដោយក្រុមឧទ្ទាមកូឡុំប៊ីដែលគេស្គាល់ថា ជាកងទ័ពរំដោះជាតិ (ELN) ត្រូវបានចោទប្រកាន់ថាបានសម្លាប់ទាហានរដ្ឋាភិបាលចំនួន ៩នាក់ ដែលជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការចរចាបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ និងទប់ស្កាត់អំពើហិង្សានៅក្នុងប្រទេស។
ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏សាហាវបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានកើតឡើងកាលពីថ្ងៃពុធទី២៩ មីនា នៅក្នុងរដ្ឋដាច់ស្រយាល Norte de Santander ជិតព្រំដែនវ៉េណេហ្ស៊ុយអេឡា។ ការវាយប្រហារនេះបានកើតឡើងជាង ២សប្ដាហ៍ក្រោយរដ្ឋាភិបាល និងក្រុមឧទ្ទាមកងទ័ពរំដោះជាតិបានធ្វើឡើងជុំទី២ នៃការចរចាស្វែងរកបទឈប់បាញ់នៅក្នុងទីក្រុងម៉ិកស៊ីកូស៊ីធី។ លោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ដំណើរការចរចាជុំទី២ គួរតែមានភាពស្មោះត្រង់ និងការទទួលខុសត្រូវចំពោះសង្គមរបស់កូឡុំប៊ី ដោយលោកបានគូសបញ្ជាក់ថា លោកបានហៅជំនួបជាមួយគណៈប្រតិភូរដ្ឋាភិបាល និងប្រទេសមួយចំនួនបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់។ ក្រុមឧទ្ទាមនេះពុំទាន់បានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។
ការវាយប្រហារដ៏សាហាវកាលពីថ្ងៃពុធ អាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងទាំងនោះដើរថយក្រោយ។ លោក Petro បានថ្កោលទោសអំពើហិង្សានេះដោយបញ្ជាក់ថា អ្នកដែលធ្វើរឿងនេះគឺនៅឆ្ងាយពីសន្តិភាព។ លោកបានបន្ថែមថា អ្នកស្លាប់ទាំង ៧នាក់នោះជាទាហានបំពេញកាតព្វកិច្ច និងពីរនាក់ជាមន្ត្រី។ ទាហានចំនួន ៨នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារ ដែលរួមទាំងការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ និងអាវុធរយៈចម្ងាយឆ្ងាយ៕
អត្ថបទ៖ សុខមាន