អ៊ីតាលី៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ទ្រង់មានជំងឺផ្លូវដង្ហើម ហើយចាំបាច់ត្រូវសម្រាកព្យាបាលពីរបីថ្ងៃនៅក្នុងមន្ទីរពេទ្យ។ យោងតាមសេចក្តីថ្លែងការណ៍ពីបុរីវ៉ាទីកង់បានឲ្យដឹងកាលពីថ្ងៃពុធដែលបាននិយាយថា សម្តេចប៉ាបព្រះជន្ម ៨៦ព្រះវស្សាត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្រុងរ៉ូម បន្ទាប់ពីត្អូញត្អែរពីការពិបាកដកដង្ហើមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែបានធ្វើតេស្តអវិជ្ជមានវីរុស Covid-19។

សម្តេចប៉ាប ពេលខ្លះដកដង្ហើមខ្លីៗ ហើយជាធម្មតាប្រឈមបញ្ហាជំងឺផ្លូវដង្ហើម ដោយសារបញ្ហាសួតកាលពីព្រះអង្គមានព្រះជន្ម ២០ព្រះវស្សា។ ព្រះសុខភាពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស បានធ្វើឲ្យមានការតាមដានកាន់តែខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្នុងអំឡុងពេលដែលព្រះអង្គបានវះកាត់ពោះវៀន ហើយបានចាប់ផ្តើមប្រើប្រាស់រទេះរុញ ឬឈើច្រត់ដោយសារតែការឈឺចាប់រ៉ាំរ៉ៃនៅជង្គង់ម្ខាង។
បុរីវ៉ាទីកង់បាននិយាយនៅពេលដំបូងថា សម្តេចប៉ាប ទ្រង់បានយាងទៅមន្ទីរពេទ្យកាលពីថ្ងៃពុធដើម្បីពិនិត្យព្រះសុខភាពតាមកាលបរិច្ឆេទ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីតាលីបានរាយការណ៍ថា ព្រះអង្គបានមកដល់តាមរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់ពីលុបចោលការសម្ភាសន៍តាមទូរទស្សន៍នៅនាទីចុងក្រោយ។ សម្តេចប៉ាបហាក់ដូចជាមានព្រះសុខភាពល្អកាលពីព្រឹកថ្ងៃពុធ នៅពេលជួបមហាជនទូទៅប្រចាំសប្តាហ៍របស់ព្រះអង្គនៅទីលាន St Peter's៕
អត្ថបទ៖ ប៊ុនថន