បាល់ទាត់៖ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានសម្រេចដកសិទ្ធិជាម្ចាស់ផ្ទះរៀបចំបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ FIFA U-20 World Cup ពីប្រទេសឥណ្ឌូនេស៊ីហើយ បន្ទាប់ពីផ្ទុះការតវ៉ាដែលឈានដល់ការលុបចោលកម្មវិធីចាប់ឆ្នោតកាលពីថ្ងៃសុក្រសប្តាហ៍មុន។
សមាគមបាល់ទាត់ឥណ្ឌូនេស៊ី PSSI បានបង្ខំចិត្តលុបចោលកម្មវិធីចាប់ឆ្នោតបែងចែកពូល ដែលគ្រោងធ្វើនៅកោះបាលី បន្ទាប់ពីអភិបាលកោះបាលីលោក Wayan Koster បដិសេធមិនទទួលវត្តមានក្រុមអ៊ីស្រាអែល។ ឥណ្ឌូនេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការណាមួយជាមួយអ៊ីស្រាអែលទេ ហើយថ្មីៗនេះក្រុមអ្នកតវ៉ាបានដធ្វើបាតុកម្មទាមទារមិនឱ្យមានវត្តមានអ៊ីស្រាអែលនៅការប្រកួតនេះ ក្នុងគោលដៅគាំទ្រដល់ប៉ាឡេស្ទីន។
ឥណ្ឌូនេស៊ីត្រូវបានប្រកាសទទួលបានរៀបចំ World Cup U-20 នេះកាលពីឆ្នាំ២០១៩ តែនៅពេលនោះមិនទាន់មានការប្រកួតជម្រុះនៅឡើយ ក៏មិនដឹងថាមានវត្តមានក្រុមអ៊ីស្រាអែលរឺអត់។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនគឺជាវិបត្តិមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមច្រើនជាងគេលើពិភពលោក ពោលគឺប្រជាជន ២៧៧លាននាក់គាំទ្រយ៉ាងទូលំទូលាយដល់ប៉ាឡេស្ទីន ទាំងហេតុផលសាសនា និងប្រពៃណីប្រឆាំងអាណានិគមដែលមានតាំងពីឯករាជ្យរបស់ប្រទេសប៉ាឡេស្ទីន៕
អត្ថបទ៖នាង សុភាវុធ