
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ ទាំងមូលទេ គឺបានឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ ពីព្រោះបញ្ហាកូវីដ-១៩នេះ គឺមិនដឹងថា នឹងមានអ្វីកើតឡើងថែមទៀតនោះទេ ដូច្នេះមានរឿងច្រើនណាស់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរទុកជាមុនដើម្បីបង្ការបញ្ហានេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ បានថ្លែងថា កាលពីថ្ងៃមុនសម្ដេចបានជួបពិភាក្សាការងារជាមួយប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាពាក់ព័ន្ធនឹងការពង្រឹងវិស័យសុខាភិបាល និងការគាំពារសង្គម ក្នុងនោះប្រព័ន្ធអង្គការសហប្រជាតិបានលើកឡើងនូវកង្វល់ដែលត្រូវត្រៀមជាមុនលើបញ្ហាចំនួន ២ គឺហានិភ័យសុខភាពសាធារណៈ និងបញ្ហាកំណើនចំនួនមនុស្សចាស់។
ទាក់ទងនឹងការឆ្លើយតបបញ្ហាទាំងពីរនេះ សម្ដេចតេជោ បានឆ្លើយតទៅប្រព័ន្ធអង្គការសហប្រជាជាតិថា ដោយសារតែបញ្ហាទាំងនេះ ទើបសម្ដេច សម្រេចឱ្យធ្វើមន្ទីរពេទ្យមួយដែលមានសមត្ថភាពដាក់អ្នកជំងឺបានរហូតដល់ ១ម៉ឺនគ្រែ ដែលកាលពីមុន មន្ទីរពេទ្យនៅរាជធានីភ្នំពេញមានត្រឹមតែជាង ៥០០០គ្រែតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វិបត្តិតែងបង្កប់នូវកាលានុវត្តភាព» ដូចកាលពីវីវិបត្តិកូវីដ-១៩ កម្ពុជាបានចាប់ឱកាសជំរុញលើការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ជាពិសេសក្នុងវិស័យអបរំ ដែលក្រសួងអបរំ យុវជន និងកីឡា បានផ្ដល់ការសិក្សាដល់សិស្សតាមប្រព័ន្ធអនឡាញជំនួសឱ្យការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ ដើម្បីបញ្ចៀសហានិភ័យពីជំងឺកូវីដ-១៩នាពេលនោះ៕
អត្ថប៖ វ៉ន ដារ៉ា