
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយបកទៅក្រុមប្រឆាំងនៅក្រៅប្រទេសដោយចាត់ទុកជនអាក្រក់ ដែលផ្សព្វផ្សាយកាឡៃការពិតពីកម្ពុជា ទាំងនោះថា ជាក្មេងពាលកែមិនឡើង។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងពីបញ្ហានយោបាយវាយបកទៅក្រុមប្រឆាំងនៅក្រៅប្រទេសយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី ៣០មីនានេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ដោយសារជានិច្ចកាលក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែងវាយប្រហារមកលើសម្តេច ដោយមិនមានការពិតទាំងអស់ជាពិសេស ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្មីៗ ពួកគេបានបំភ្លៃការពិតថា លោកនាយករដ្ឋមន្ត្រីម៉ាស៊ី ដាតុ ស៊េរី ប៊ីនប្រាហ៊ីម មកណែនាំសម្តេច។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅ បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរឹងមាំលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ