ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែរក្សាការពារបានយ៉ាងរឹងមាំ នូវឯករាជ្យ អធិបតេយ្យភាពទឹកដី និងថែមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ជាមួយបណ្តាប្រទេសជាមិត្តនៅតាមបណ្តោយព្រំដែនកម្ពុជាផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បែបនេះ ក្នុងឱកាស ចុះសាកសួរសុខនាយទាហាន នាយទាហានរង និងពលទាហាន នៅតាមបណ្តាអង្គភាពនានា ក្នុងយោធភូមិភាគទី៤ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចពិជ័យ មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗ ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន គឺនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តនៅតាមព្រំដែន តាមរយៈកិច្ចទំនាក់ទំនងជិតខាងល្អមិត្តភាពជាប្រពៃណីដោយប្រែក្លាយអតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កសាងព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាដើម។
សម្តេចពិជ័យសេនា ក៏បានក្រើនរម្លឹកនិងអំពាវនាវដល់នាយទាហាន ពលទាហានក្នុងយោធភូមិភាគទី៤ បន្តចូលរួមពង្រឹងកិច្ចការពារសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម រក្សាការពារឱ្យបានរឹងមាំ នូវឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តនៅតាមព្រំដែនឱ្យបានល្អបន្ថែមទៀត ស្របទៅតាមនយោបាយរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ បាន ចក់